Blogger Widgets
ក្លឹបយុវជននិងការអភិវឌ្ឍន៍ ខេត្តស្វាយរៀង សូមស្វាគមន៍

Saturday, November 10, 2012

វេទិកាសាធារណ: ស្តីអំពី “ការអភិរក្សពូជត្រី”

ស្វាយរៀងៈដើម្បីថែរក្សា និងការពារនៅភោគផលនៃសម្បត្តិធម្មជាតិសំបូរបែប ពូជត្រីគ្រប់ប្រភេទ និងសម្រាប់ផ្គត់ផ្គង់នូវតំរូវការរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នោះក្រុមយុវជននៅក្នុងក្លឹបយុវជន និងការអភិវឌ្ឍន៍ សហគមន៍កាលពីថ្ងៃទី ១៣ ខែ វិច្ឆកា ឆ្នាំ ២០១២ បានរៀបចំវេទិកាសាធារណ:ស្តីអំពី “ការអភិរក្សពូជត្រី “ ស្ថិតនៅក្នុងភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ដែលមានការចូលរួមពីសំណាក់អាជ្ញាធរ ដែនដី ព្រះសង្ឃ ប្រជាពលរដ្ឋព្រមទាំងសិស្សសាលាយ៉ាងច្រើនកុះករ ។
លោក មាស សារឿននាយនគបាលប៉ុស្តិ៍រដ្ឋបាលប្រចាំនៅក្នុងសង្កាត់គយត្របែក បានមានប្រសាសន៍ថា យើងទាំងអស់គ្នាគួរគប្បីត្រូវមានភារកិច្ចការពារមច្ឆាជាតិទាំងអស់គ្នា
គឺ មិនត្រូវនាំគ្នាចាប់ ឬបំផ្លាញមច្ឆាជាតិតាម រូបភាពផ្សេងៗឡើយដូចជាការប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ដូចជា ឆក់និងអាគុយ ខ្សែភ្លើង ។ ល។ ឬនេសាទនៅរដូវត្រីពងឡើយ ។ ត្រូវការពារជំរកត្រីនៅគ្រប់រដូវឲ្យបានត្រឹមត្រូវ។ លោកបានបន្តថា កន្លងមកអង្គភាពរបស់លោកក៏ធ្លាប់បានអប់រំ និងចាប់បានជនល្មើសដែលបាន ប្រព្រឹត្ត និងបំពាននូវការហាមឃាត់នានាផងដែរ ព្រោះផ្លូវច្បាប់ត្រូវតែផ្ដន្ទាទោសចំពោះជនណាដែលបានប្រព្រឹត្តបទ ល្មើសនេសាទខុសច្បាប់ ។ យើងទាំងអស់គ្នាត្រូវចូលរួមផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋបន្តទៀតដើម្បីឲ្យគាត់ យល់អំពីអត្ថប្រយោជន៍ និងផលប៉ះពាល់នៃការបាត់បង់ ហិចហោចសម្បតិ្តធម្មជាតិទាំងឡាយពិសេសគឺមច្ឆាជាតិជា ដើមព្រោះថាវាជាអាយុជីវិតរបស់យើងយូរអង្វែងដ៏រាបណាការបាត់បង់ត្រី វាពិតជាពុំបានជួយឲ្យយើងមានអាហារ ហូបចុកគ្រប់គ្រាន់ឡើយ ។

លោក ប្រាក់ ដន ចៅសង្កាត់រងទី២ក៏បានមានប្រសាសន៍ផងដែរថា កាលណាប្រទេសយើងសំបូរទៅដោយត្រី គ្រប់ប្រភេទគឺប្រជាជន នឹងមានជីវភាពធូរធារ ព្រមទាំងមានសុខភាពល្អ មិនតែប៉ុណ្ណោះយើងក៏អាចបន្តឲ្យកូន ចៅជំនាន់ក្រោយៗទៀតបានស្គាល់នូវពូជត្រីបែបខុសៗគ្នាជាច្រើនមុខទៀតផងដែរ ។ ដូចេ្នះយើងត្រូវចេះស្រលាញ់ធម្មជាតិ និង ចេះអភិរក្ស ការពារ ព្រមទាំងបង្កបង្កើតឲ្យមានចលនាចិញ្ចឹមត្រីចាប់តាំងពីសង្គមគ្រូសារ រហូតដល់ថ្នាក់ជាតិទាំងមូល។ ហេតុនេះហើយក្នុងនាមយើងជាប្រជាពលរដ្ឋត្រូវមានភារកិច្ចយ៉ាងសកម្មក្នុងការពារមច្ឆាជាតិដើម្បីជាសម្បត្ដិ
ធម្មជាតិមួយសំរាប់ទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាការលើកស្ទួយផ្នែកសេដ្ឋកិច្ចសង្គមផងដែរ។
ការចូលរួមរបស់យុវជន និងប្រជាពលរដ្ឋក្នុងវេទិកាសាធារណ:ស្តីពី “ការអភិរក្សពូជត្រី”

លោកបានបន្ថែមថា ដើម្បីឲ្យត្រីសំបូរនោះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាកុំចោលកាក សំណល់ ឬជាតិគីមីទៅក្នុងទឹក កុំកាប់បំផ្លាញព្រៃលិចទឹក និងជាពិសេសកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ។ ប្រសិនបើប្រជាពលរដ្ឋទាំងអស់អាចជៀសវាងបាននូវប្រការខាងលើនោះបានពិតជាធ្វើឲ្យ ប្រទេសយើងសំបូរត្រី នេះជាផ្នែកមួយក្នុងការលើកស្ទួយនូវវិស័យសេដ្ឋកិច្ចសង្គមជាតិនាពេលអនាគត។ មច្ឆាជាតិជាសម្បត្តិធម្មជាតិមានជីវិតរស់នៅក្នុងទឹក ដែលជាផ្នែកមួយសំខាន់ សម្រាប់ការផ្គត់ផ្គង់ម្ហូបអាហារដល់សេដ្ឋកិច្ចគ្រួសារប្រចាំថ្ងៃក្នុងការលើកស្ទួយនូវសុខភាព សុខមាលភាពរបស់ប្រជាជន និងជាផ្នែកមួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចសង្គមយ៉ាងល្អប្រសើរបំផុត ៕



ដោយៈ កញ្ញា ជា សុបញ្ញា  (Citizen Journalist-ADS 2.0 វគ្គ ៣)

No comments:

Post a Comment