Blogger Widgets
ក្លឹបយុវជននិងការអភិវឌ្ឍន៍ ខេត្តស្វាយរៀង សូមស្វាគមន៍

Monday, August 27, 2012

វេទិកាសាធារណៈស្តីអំពីជំងឺគ្រុនឈាម


សង្កាត់ចេក ស្វាយរៀងៈសមាជិកក្លឹបយុវជន និងការអភិវឌ្ឍន៍ YAD ព្រមទាំងបណ្តាញយុជន នៃក្រុមប្រឹក្សាយុជនកម្ពុជាហៅកាត់YCC សាខាខេត្តស្វាយរៀងបានបើក វេទិកាសាធារណៈមួយស្តីអំពីការទប់ស្កាត់ និងការការពារជំងឺគ្រុនឈាមក្នុងសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ ។  ការបើកវេទិកាសាធារណៈនេះក្នុងគោលបំណងចង់អោយប្រជាពលរដ្ឋ យល់ដឹងអំពីការគ្រោះថ្នាក់នៃជំងឺ គ្រុនឈាម ការការពារ និងការទប់ស្កាត់កុំអោយ កើតមានជំងឺគ្រុនឈាមនៅក្នុងភូមិ ឃុំ និងសហគមន៏ដែលពួគាត់រស់នៅ។

លោក វណ្ណា ប្រធានមណ្ឌលសុខភាពឃុំបានមានប្រសាសន៏ថា ជំងឺគ្រុនឈាមបណ្តាលមកពី មុសខ្លាខាំដែលកើតចេញពីដង្កូវទឹក ដោយវាអាចពងបានគ្រប់ទីកន្លែងណាដែលមានដក់ទឹក ភក់ ជ្រាំ ទីងងឹត នៅជុំវិញផ្ទះ ឬក្នុងផ្ទះ ហើយពងរបស់វាញស់បានក្លាយជាមូសក្នុងរយៈពេល៤៥ថ្ងៃ។ ជំងឺគ្រុនឈាមនេះមានរោគសញ្ញាដូចជា ក្តៅខ្លួនខ្លាំង មានស្នាមអុចគន្ទួលតូចៗនៅលើស្បែក ស្លេកស្លាំង ក្អួតចង្អោល លាមកមានឈាម។  វិធីការពារយ៉ាងសំខាន់នោះគឺត្រូវលុបបំបាត់នូវជំរកមូសខ្លាអោយអស់ ដោយផ្កាប់ រឺកប់ចោលរបស់របរដែលងាយនិងដក់ទឹកដូចជាសំបកកំប៉ុង សំបកដូង សំបកកង់ឡាន កង់ ម៉ូតូចាស់ៗនិងត្រូវបោសសំអាតទីធ្លាដែលនៅជុំវិញផ្ទះ មិនថាគេងពេលយប់ ឬថ្ងៃត្រូវដាក់មុងជានិច្ច កុមារត្រូវស្លៀកពាក់ខោអាវដៃជើងវែង។ លោកបានបន្តថាពីមុនជំងឺគ្រុនឈាមកើតឡើងចំពោះតែកុមារទេប៉ុន្តែនា បច្ចុប្បន្ននេះវាបានកើត ឡើងចំពោះមនុស្សគ្រប់វ័យមិនថាចាស់ រឺក្មេងឡើយ។
លោក អោប ពុទ្ធី ជាចៅសង្កាត់ចេក ក៍បានមានប្រសាសន៍ផងដែរថា កន្លងមកនៅក្នុងសង្កាត់របស់គាត់ក៍ធ្លាប់មានកុមារកើតជំងឺគ្រុន ឈាមដែរ។ វេទិកានោះមានការចូលរួមពី ប្រធានមណ្ឌលសុខភាពឃុំ អនុភូមិ ចៅសង្កាត់ និងប្រជាពលរដ្ឋ ប្រមាណជាង៦០ នាក់ដែលពួកគាត់មកពីភូមិផ្សេងៗគ្នានៃសង្កាត់ចេកទាំងមូល។

ដោយៈ កញ្ញា ហម រតនា  (Citizen Journalist-ADS 2.0 វគ្គ ៤)

No comments:

Post a Comment